ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​​ឆ្នាំ 2013 : Kh SN Preytakoy (ព្រៃ​តាកុយ) រចនា​ដោយ អ៊ុំ ច័ន្ទ​សានិត

0
   សួស្ដី​ប្រិយមិត្ត​ទាំងអស់​គ្នា! ប្លក​អាក្បាលធំ​ទើប​ទទួល​បាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត​ ពី​លោក អ៊ុំ ច័ន្ទ​សានិត ជា​សិស្ស​ពូកែ​​ខាង​អក្សរ​សាស្ត្រ​ខ្មែរ ដែល​គាត់​បាន​ឆ្លៀត​យក​ពេល​ទំនេរ​ពី​ការ​សិក្សា​ មក​បង្កើត​ជា​ពុម្ព​អក្សរ (font) សម្រាប់​ប្រើ​ក្នុង​កុំព្យូទ័រ ចែក​ជូន​បងប្អូន​ខ្មែរ​គ្រប់​គ្នា​ប្រើ​ដោយ​មិន​គិត​ប្រាក់។
   សូម​ជម្រាប​ថា នេះ​មិន​មែន​ជា​ស្នាដៃ​លើក​ទី​មួយ​ទេ គាត់​​ចេះ​​​រចនា​ពុម្ព​អក្សរ​​តាំង​ពី​ឆ្នាំ 2011 មក​ម្ល៉េះ! ស្នាដៃ​ទី​មួយ​របស់​គាត់​គឺ Khmer SN Kampot  ​ជា​ប្រភេទ​ពុម្ព​អក្សរ​ខ្វៀក​​​សំណេរ​ដៃ​យ៉ាង​ស្អាត។ ស្នាដៃ​ទី​ពីរ​គឺ Kh SN Kampongsom ជា​ប្រភេទ​អក្សរ​សម្រាប់​អត្ថបទ ដែល​មាន​រចនាបថ​រង្វង់​មូល​នៅ​ត្រង់​កន្លែង​គួច​នៃ​តួ​អក្សរ។ ស្នាដៃ​ទី​បី​របស់​គាត់​​គឺ Kh SN Beysach មាន​រចនាបថ​តាម​អក្សរ​អង់គ្លេស​ឆ្លាក់ ដោយ​បន្ថែម​លក្ខណៈ​ស្រមាម​តិចៗ មើល​ទៅ​ប្លែកភ្នែក​មិនធ្លាប់​មាន​សម្រាប់​អក្សរ​ខ្មែរ​យើង​ទេ។

   ចូល​មក​ដល់​ស្នាដៃ​ទី​បួន​នេះ​មាន​ឈ្មោះ​ថា Kh SN Preytakoy ដោយ​យក​ឈ្មោះ ​"វត្ត​ព្រៃ​តា​កុយ" ​នៅ​ខេត្ត​កំពត មក​ដាក់ (ប្រហែល​ជា​គាត់​មាន​អនុស្សាវរីយ​ជាមួយ​វត្ត​នោះ​ហើយ​មើល​ទៅ!) ។ ពុម្ព​អក្សរ​នេះ​មាន​រចនាបថ​ជា ​អក្សរ​ឆ្លាក់​ដោយ​ដៃ​ដោយ​ប្រើ​ជួគ​មុខ​សំប៉ែត​សរសេរ​ទៅ​តាម​រាងរៅ​ដែល​គាត់​ចូលចិត្ត។ សុំ​​​រំលឹក​បន្តិច​ចុះ កាល​ខ្ញុំ(អាក្បាលធំ)​នៅ​រៀន ​ខ្ញុំ​ធ្លាប់​ឃើញ​អក្សរ​របៀប​នេះ ​នៅ​​ក្នុង​ក្រប​សៀវភៅ​​សរសេរ​របស់​សិស្ស​ដែល​ពួកគេ ជួល​ឲ្យ​ជាង​ឆ្លាក់​អក្សរ​ឲ្យ ដោយ​ដាក់​ពណ៌​មិន​ស្រមោល​ស្អាតៗ​ណាស់។ ប្រហែល​មក​ពី​​លោក  អ៊ុំ ច័ន្ទ​សានិត ជា​សិស្ស​ពូកែ​​ខាង​អក្សរ​សាស្ត្រ​ខ្មែរ បែប​នេះ​ហើយ ទើប​គាត់​អាច​ឆ្លាក់​អក្សរ​បាន​ស្អាត​យ៉ាង​នេះ​! ភាគ​ច្រើន​នៃ​អ្នក​ស្រឡាញ់​អក្សរ​សាស្ត្រ ច្រើនតែ​សរសេរ​បាន​ស្អាត។ ចំណែក​ខ្ញុំ​វិញ​ក៏​ស្រឡាញ់​អក្សរ​​ខ្មែរ​ដែរ តែ​សរសេរ​មិន​ស្អាត​សោះ​សឹង​ថា​មើល​មិន​ដាច់ ដូច​ក្ដាម​វៃ​បុក។ :D

ទាញ​យក : Kh SN Preytakoy